ចិន បន្តធ្វើសមយុទ្ធយោធាព័ទ្ធជុំវិញកោះតៃវ៉ាន់ ខណៈពិភពលោកកំពុងព្រូយបារម្ភខ្លាចសង្គ្រាមផ្ទុះឡើង!

ចិន បន្តធ្វើសមយុទ្ធយោធាព័ទ្ធជុំវិញកោះតៃវ៉ាន់ ខណៈពិភពលោកកំពុងព្រូយបារម្ភខ្លាចសង្គ្រាមផ្ទុះឡើង! ចិន បាននិយាយថាកងទ័ពពួកគេ កំពុងបន្តធ្វើសមយុទ្ធយោធានៅក្នុងតំបន់សមុទ្រជុំវិញកោះតៃវ៉ាន់ ក្នុងនោះរួមមានតំបន់សមុទ្រ Yellow និង Bohai។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន BBC។

កងទ័ពរំដោះប្រជាជនចិន បានចាប់ផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ព័ទ្ធជុំវិញកោះតៃវ៉ាន់ ជាសកម្មភាពមួយឆ្លើយតបចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក Nancy Pelosi ទៅកាន់ដែនកោះមួយនេះ។ ទន្ទឹមនឹងនេះ ប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី Tsai Ing Wen បានចេញមុខបញ្ជាក់ថា តៃវ៉ាន់នឹងការពារខ្លួនបើក្រុងប៉េកាំងប្រើកម្លាំងយោធាវាយប្រហារ។

ជម្លោះរវាងចិន-តៃវ៉ាន់ គឺជាបញ្ហាក្តៅមួយដែលពិភពលោកកំពុងព្រួយបារម្ភ ព្រោះបើសិនណាជាមានការប្រើកម្លាំងយោធាពីសំណាក់ភាគីទាំង២ នោះនឹងនាំឱ្យមានការជួបប្រទះវិបត្តិសេដ្ឋកិច្ច ក៏ដូចជាការកើនឡើងនូវអតិផរណានៃតម្លៃទំនិញជាដើម។ ចិន បានចាត់ទុកតៃវ៉ាន់ ជាខេត្តមួយរបស់ខ្លួនដែលបែកចេញទៅឆ្ងាយហើយទៅត្រូវត្រឡប់មកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុងប៉េកាំងវិញនៅថ្ងៃណាមួយ ប៉ុន្តែផ្ទុយទៅវិញ តៃវ៉ាន់ មិនគិតដូច្នោះឡើយដោយខ្លួននៅចិញ្ចឹមចិត្តចង់គ្រប់គ្រងប្រទេសដោយឯករាជ្យតាមបែបលទ្ធិប្រជាធិបតេយ្យ៕

 

ប្រភព៖ Sabay News