កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស


កម្លាំងកងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនរបស់ក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស​ ខេត្តរតនគិរី ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។

គណៈប្រតិភូខេត្តរតនគិរី ដឹកនាំដោយលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រវាត់ព្រំដែនទិសរតនគិរី ក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស ដែលកំពុងស្ថាបនាដោយកងឯកភាពស្ថាបនាថ្នល់-ស្ពាន ញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។

នៅក្នុងឱកាសនោះ លោក ញ៉ែម សំអឿន បានកោតសរសើរចំពោះ មេបញ្ជាការ មេបញ្ជាការរង និងនាយទាហាន នាយទាហានរង ពលទាហាន កងឯកភាព នៃបញ្ជាការដ្ឋានវិស្វកម្ម ដែលក្នុងរយៈពេលកន្លងមក បានយកចិត្តទុកដាក់ ពុះពារជម្នះរាល់ឧបសគ្គ គ្រោះថ្នាក់ ការលំបាកនិងធ្វើពលិកម្មគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែង ធ្វើការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តរតនគិរី ដែលរហូតមកដល់ថ្ងៃនេះគឺសម្រេចបានលទ្ធផលយ៉ាងច្រើន។

 លោកអភិបាលខេត្ត បន្តថា សមិទ្ធផលផ្លូវខ្សែក្រវាត់ព្រំដែនទាំងអស់នេះ គឺជាមរតកប្រវត្តិសាស្រ្ត មានតម្លៃជាយុទ្ធសាស្ត្រមិនអាចកាត់ថ្លៃបាន ហើយសម្រេចចេញជារូបរាងយ៉ាងល្អរឹងមាំពីម្លប់សន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ មានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ បានបន្តអនុវត្តនយោបាយកសាងព្រំដែនដែលសម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញការកសាងខ្សែព្រំដែនជាប់ជាមួយប្រទេសជិតខាង ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងកាអភិវឌ្ឍ ប្រកបដោយចីរភាព៕